Sunday, 29 April 2012

វិធីសាស្ត្រគ្រប់គ្រងកំហឹង

ក. និយមន័យកំហឹង៖


  • តាមវចនានុក្រមសម្តេចសង្ឃជួនណាតលោកបានពន្យល់ថាកំហឹង គឺជាការកម្រើកចិត្តដោយទោមនស្សព្រោះមានអារម្មណ៍មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំងប្រាំមួយ មានចក្ខុទ្វារជាដើម នាំឲ្យក្តួលក្តៅចិត្តឡើង ។

ខ. បុព្វហេតុនៃកំហឹង៖

មានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានកំហឹងគឺ៖
១. ខឹងព្រោះតែមានការហត់នឿយខ្លាំង ទទួលបន្ទុកការងារច្រើន មិនបានសម្រាកគ្រប់គ្រាន់។
២. ខឹងព្រោះតែខ្លួនមិនបានអ្វីដូចចិត្ត ។
៣. ខឹងព្រោះគ្រោះអវិជ្ជាមកគ្របសង្កត់លើ ។
៤. ខឹងព្រោះតែខ្លួនធ្វើអ្វីមិនបានល្អដូចគេ ។
៥. ខឹងព្រោះតែខ្លួនបានបាត់បង់នូវឱកាសអ្វីមួយ ។
៦. ខឹងព្រោះតែមាននរណាម្នាក់មករំខាន ឬធ្វើឲ្យទើសចិត្តអ្វីមួយ ។
៧. ខឹងព្រោះតែខ្លួនពុំមានរូបរាងស្រស់សង្ហារ ឬ សុខភាពល្អដូចគេ ។
៨. ខឹងព្រោះខ្លួនឯង កូនចៅ បងប្អូន ភរិយាស្វាមីមិនពូកែរៀនសូត្រ មិនពូកែរកស៊ី ឬមានមិនល្អចរិយាធម៌ដូចគេ ។
៩. ខឹងព្រោះតែនរណាម្នាក់មកធ្វើទុក្ខបុកម្នេញចំពោះខ្លួនឯង គ្រួសារ ឬប្រទេសជាតិ ។

គ​ វិធីសាស្ត្រគ្រប់គ្រងកំហឹង៖

វិធីសាស្ត្រគ្រប់គ្រងកំហឹងត្រូវបានលោកអ្នកប្រាជ្ញខ្លះបានផ្តល់យោបល់ដូច ខាងក្រោម៖


១. លោកអ្នកត្រូវស្វែងរកការសម្រាកឲ្យបានគ្រប់គ្រាន់៖

កំហឹងកើតមានឡើងបានដោយសារកង្វះការពិចារណា កង្វះការតស៊ូ អត់ធ្មត់ចំពោះបញ្ហារបស់យើង ។ កំហឹងមិនអាច ឬអាចស្តែងចេញមកក្រៅដោយសារតែការគិតរបស់យើង។ ដើម្បីគ្រប់គ្រងកំហឹង លោកអ្នកត្រូវតែចេះប្រើប្រាស់ ខួរក្បាល ដ៏ឆ្លាតវៃ របស់លោកអ្នកមកគ្រប់គ្រងវាឲ្យបានល្អ។ ការចេះស្វែងរកការសម្រាក គឺជាមធ្យោបាយដ៏សំខាន់បំផុត នៅក្នុង ការកាត់បន្ថយកំហឹង។ ការសម្រាកមានទម្រង់ច្រើនបែបច្រើនសណ្ឋាន ដូចជា ការដកដង្ហើមវែងៗ មួយៗ ច្រើនសារជាដើម។ ការអានសេចក្តីណែនាំនានស្តីពីវិធីសាស្ត្របន្ថយអាម្មរណ៍ក៏ជាវិធីល្អមួយដែរ។ សូមលោកអ្នកព្យាយាម អនុវត្តតាមវិធីណាមួយ ដែលលោកអ្នកពេញចិត្ត ឬយល់ថាត្រឹមត្រូវ ។

វិធីសាស្ត្រធម្មតាៗ ក្នុងការកាត់បន្ថយកំហឹងមាន ៖
  • ដកដង្ហើមវែងៗ មួយៗ គឺធ្វើមួយៗ កុំបង្ខំ ដោយចាប់ដកដង្ហើមពីសាច់ដុំដែលនៅចន្លោះក្រពះ និងសួត ។ សូមកុំ ដកដង្ហើម ពីទ្រូងរបស់យើង ពីព្រោះវាមិនអាចធ្វើឲ្យលោកអ្នកមានការសម្រាកបានទេ ។

  • សូមទន្ទេញពាក្យណាដែលលោកអ្នកគិតថា វាទាក់ទងនឹងការសម្រាក ដូចជាពាក្យខន្តី សម្រាក ជាដើម ។ សូមទន្ទេញ ជាមួយនឹងការដកដង្ហើមវែងៗ ។

  • សូមមើលរូបភាពណាដែលធ្វើឲ្យលោកអ្នកបានរំសាយកំហឹង ឬក៏រូបភាពដែលកើតចេញពីក្តីស្រមៃរបស់លោកអ្នក។

  • សូមធ្វើលំហាត់ប្រាណ យឺតៗ មួយៗ នោះវានឹងជួយកាត់បន្ថយការតឹងសាច់ដុំ និងអារម្មណ៍មួរហ្មងរបស់យើង ។

២. ការយល់ដឹងពី ធម្មជាតិនៃកំហឹង៖

នៅពេលដែលលោកអ្នកខឹង សូមគិតអ្វីផ្សេងៗ ក្រៅពីដើមហេតុដែលនាំឲ្យមានកំហឹង។ មនុស្សដែលមិនអាចទប់កំហឹង ខ្លួនឯងបាន គេអាចជះកំហឹងដោយពាក្យជេរប្រទេច ឬនិយាយពាក្យដែលមិនសមរម្យ នឹងអាចទទួលយកបាន។ ដូចនេះ ក្នុងនាមយើងជាមនុស្ស ដែលមានសេចក្តីថ្លៃថ្នូរ ត្រូវតែចេះគិតគូរឲ្យបានវែងឆ្ងាយ។ សូមជម្រុះចោលឲ្យអស់ នូវពាក្យអាក្រក់ ទាំងឡាយណា ដែលកំពុងតែបំផ្លាញអារ្មណ៍ល្អរបស់លោកអ្នក ឬដែលអាចនាំអ្នកទៅដល់អំពើមិនគប្បីទាំងឡាយ។ មនុស្ស ដែលពោរពេញដោយកំហឹង គឺគេចង់បង្ហាញថា គេពិតជាខ្លាំង គេពិតជាចង់បង្ហាញសកម្មភាពភ្លាមៗឲ្យឃើញ ដើម្បីរំសាយកំហឹងរបស់គេ។ ហេតុដូចនេះ លោកអ្នកគួរតែស្វែងយល់ពីកំហឹងរបស់លោកអ្នក កាលណាលោកអ្នកយល់ពី ប្រភពវាបានច្បាស់ហើយ នោះលោកអ្នកប្រាកដជានឹងក្លាយជាមនុស្សម្នាក់ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ និង អាចគ្រប់គ្រងកំហឹងខ្លួនឯងបានយ៉ាងល្អបំផុត ។

៣. សូមព្យាយាមដោះស្រាយបញ្ហា ដែលបានកើតមានឡើងដោយសន្តិវិធី៖

ពេលខ្លះលោកអ្នកមានកំហឹង ក៏ព្រោះបណ្តាលមកពីបញ្ហាដែលមិនអាចជៀសផុតនៅក្នុងឆាកជីវិតរបស់លោកអ្នក ។ ទោះ ជាយ៉ាង សូមលោកអ្នកសង្ឃឹម និងជឿជាក់ថា រាល់បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយដោយសន្តិវិធីទាំងអស់ គ្រាន់តែ យូរ ឬឆាប់ប៉ណ្ណោះ។ ដូចនេះលោកអ្នកត្រូវចេះហាត់ពត់លត់ដំ សា្មរតី និងកម្លាំងចិត្តដើម្បីស្វែងរកដំណោះស្រាយល្អៗ ក្នុងការប្រឈមមុខជាមួយនឹងបញ្ហា។ សូមធ្វើផែនការ និងតាមដានថា តើយើងអាចគ្រប់គ្រង និងវាយតម្លៃកំហឹងបាន ល្អកម្រិតណា។ លោកអ្នកត្រូវធ្វើចិត្តយ៉ាងណាឲ្យរឹងប៉ឹង ក្លាហានឡើង ដើម្បីដោះស្រាយបញ្ហាកំហឹងនេះឲ្យបានជោគជ័យ ។

៤. សូមលោកអ្នក រក្សាទំនាក់ទំនងឲ្យបានល្អជាប់ជានិច្ច ជាមួយអ្នកដទៃ ៖

មនុស្សមានកំហឹងអាចមានសកម្មភាពមិនសមរម្យ ឬក៏ធ្វើសេចក្តីសន្និដ្ឋានខុស។ ប្រសិនជាលោកអ្នកស្ថិតនៅក្នុងស្ថានភាព ពិភាក្សាតឹងសរសៃ កណាមួយ សូមលោកអ្នកព្យាយាមប្រមូលស្មារតីឡើង និងរក្សាឲ្យបាននូវភាពអត់ធ្មត់ជានិច្ច ។ ព្រោះថា ការរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃគឺជា រឿងចាំបាច់ណាស់។ ការប្រកាន់នូវភាពអត់ធ្មត់ ឬរក្សាបាននូវទំនាក់ទំនងល្អ ជាមួយអ្នកដទៃ ជួនកាលលោកអ្នកក៏អាចដោះស្រាយបញ្ហា និងបន្ធូរកំហឹងបានដែរ។ សូមកុំបោះបង់ចោលទំនាក់ទំនងល្អ ឲ្យសោះពេលមានលោកអ្នកមានកំហឹង ។

៥. សូមធ្វើឲ្យខ្លួនលោកអ្នកមានសំណើចឲ្យបានគ្រប់គ្រាន់៖

សំណើច គឺជាវិធីសាស្ត្រដ៏ល្អក្នុងការជម្រុះចោលកំហឹងរបស់លោកអ្នក។ លោកអ្នកអាចប្រើវិធីសាស្ត្រមួយចំនួន ដើម្បីឲ្យ មានសំណើច ដូចខាងក្រោម៖
  • សូមមើលសៀវភៅរឿងកំប្លែងដែលមានរូបភាពអមជាមួយ ។

  • សូមទស្សនារឿងកំប្លែងតាមទូរទស្សន៍ ។

  • សូមនិយាយរឿងកំប្លែងផ្សេងៗ ។

  • សូមច្រៀងរាំលេងកំសាន្តដើម្បីទទួលបានការសប្បាយរីករាយ ។

  • លោកអ្នកក៏អាចគូរគំនូរ ផាត់ពណ៌រូបភាព មើលរូបថតអនុស្សាវរីយ៍ លេងកីឡា លេងល្បែងកំសាន្តប្រជាប្រិយ ហាត់ របាំប្រជាប្រិយ និងរបាំបូរាណ អានសៀវភៅដែលខ្លួនចូលចិត្ត តែងនិពន្ធ ច្រៀងចំរៀង បង្រៀនសហគមន៍ សម្អាតបរិស្ថាន ដាំដើមឈើ និងចូលរួមការងារមនុស្សធម៌ជាដើម ។

៦. សូមផ្លាស់ប្តូរមជ្ឃដ្ឋាន ឬទីកន្លែងពេលមានកំហឹង៖

ការផ្លាស់ប្តូរបរិស្ថានរស់នៅ ឬបរិស្ថានធ្វើការជាវិធីបន្ថយកំហឹងមួយដ៏ប្រសើរ។ ការផ្លាស់ប្តូរទីកន្លែងពេលមានកំហឹង គឺជា មធ្យោបាយមួយល្អបំផុត។ លោកអ្នកអាចដើរទៅកន្លែងផ្សេងៗដូចជា ទៅកន្លែងរមណីយដ្ឋាន ឬទៅស្រូបខ្យល់អាកាស បរិសុទ្ធដើម្បីបន្ធូរអារម្មណ៍។ សូមលោកអ្នកកុំឈរនៅកន្លែងដែលធ្វើឲ្យលោកអ្នកមានកំហឹងនោះឲ្យសោះ។ ការនៅឲ្យឆ្ងាយ ពីកន្លែងដែលនាំឲ្យមានកំហឹង ដើម្បីបន្ធូរអារម្មណ៍ ក៏ជាវិធីមួយដែលអាច ដោះស្រាយបញ្ហាបានយ៉ាងល្អផងដែរ ។

៧. សូមស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញ

នៅពេលណាលោកអ្នកគិតថា លោកអ្នកមិនអាចគ្រប់គ្រងកំហឹងបានហើយ នោះនឹងនាំឲ្យមានផលប៉ះពាល់ ដល់ ទំនាក់ទំនង ឬជីវិតរបស់យើង។ សូមលោកអ្នកស្វែងរកអ្នកផ្តល់ប្រឹក្សា មួយដែលលោកអ្នកគិតថា អាចទុកចិត្តបាន។ សូមនិយាយកុំលាក់ លៀមដើម្បីងាយស្រួលក្នុងការប្រឹក្សាយោបល់។ សូមស្តាប់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវ យកយោបល់ល្អៗ ទាំងនោះ មកអនុវត្តសម្រាប់លុបពន្លត់ភ្លើងកំហឹង របស់លោកអ្នកឲ្យបានជោគជ័យ ។

សរុបមក កំហឹងគឺពិតជាមានឥទ្ធិពលខ្លាំងណាស់សម្រាប់ដំណើរជីវិតរបស់លោកអ្នក។ លោកអ្នកមិនត្រូវបណ្តោយឲ្យកំហឹង មកគ្រប់គ្រងលោកអ្នកឡើយ។ លោកអ្នកគួរតែរួសរាន់លុបបំបាត់កំហឹងឲ្យបានជាបន្ទាន់ បើមិនដូច្នេះទេ ជីវិតរបស់ លោកអ្នក ពិតជានឹងមិនរុងរឿងតាមដូចដែលលោកអ្នកចង់បានឡើយ។ បើលោកអ្នកពុំទាន់មានវិធីណាល្អជាង វិធីទាំង ឡាយខាងលើ នេះទេ សូមលោកអ្នកសាកល្បងអនុវត្តលមើល ក្រែងនឹងទទួលបានផលល្អតាមបំណង។

“ សូមគ្រប់គ្រងកំហឹងរបស់លោកអ្នក មុននឹងវាមកវាយលុកជីវិតរបស់លោកអ្នក ”

ឯកសារពិគ្រោះ៖
១) សៀវភៅ វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួន ណាត
២) គំនិតយល់ឃើញនិងបទពិសោធន៍របស់ គល់រាំង
៣) អាសយដ្ឋានពត៌មានភាសាអង់គ្លេស៖ apa.org (controlling anger)

Retrieved on Monday 30th April, 2012 from គល់រាំង - ភ្នំពេញថ្ងៃទី ២៧-២៨ ខែ មេសា ឆ្នាំ ២០១២. website: Link

 



No comments:

Post a Comment